សិទ្ធិលើការបញ្ចាំ (Droit de gage)

និយមន័យ

សិទ្ធិលើការបញ្ចាំ គឺជាសិទ្ធិកាន់កាប់វត្ថុរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ដែលបានទទួលពីកូនបំណុល ឬ តតិយជន ដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។

ប្រភេទនៃកម្មវត្ថុនៃសិទ្ធិលើការបញ្ចា

យោងតាមមាត្រា ៨១៦ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៦ ពាក្យថា វត្ថុ ត្រូវបានប្រើជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ប៉ុន្តែមាត្រានេះ ពុំបានបញ្ជាក់ច្បាស់លាស់ច្រើននោះទេ។ ដូច្នេះ កម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ គឺរួមមាន ជាចលនវត្ថុ (មាត្រា ៨២៩) អចលនវត្ថុ (មាត្រា ៨៣៤) និងសិទ្ធិលើទ្រព្យសម្បត្តិ (មាត្រា ៨៤០)។

លក្ខខណ្ឌនៃសិទ្ធិលើការបញ្ចាំ

អនុលោមមាត្រា ៨១៨ កថាខណ្ឌទី ១​ បានចែងថា សិទ្ធិលើការបញ្ចាំ ត្រូវកើតឡើងដោយកូនបំណុល ឬ តតិយជន ដែលបង្កើតសិទ្ធិលើការបញ្ចាំនោះ ប្រគល់នូវវត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំទៅឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ។

មាត្រានេះ មានន័យថា ការបញ្ចាំ កើតឡើងដោយការព្រមព្រៀងរបស់ភាគីតែប៉ុណ្ណោះ ដោយមិនទាមទារឱ្យមានទម្រង់ពិសេសណាមួយឡើង។ លើសពីនេះទៅទៀត ការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំ កាន់កាប់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំដោយផ្ទាល់។

អានុភាពនៃសិទ្ធិលើការបញ្ចាំ

  • សិទ្ធិឃាត់ទុក ៖ សំដៅលើ ការបញ្ចាំដែលត្រូវបានធ្វើឡើងដោយការព្រមព្រៀង និងការប្រគល់វត្ថុបញ្ចាំ របស់អ្នកបង្កើតសិទ្ធិលើការបញ្ចាំ (កូនបំណុល) ឬ តតិយជនទៅឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ។ ហេតុនេះ ម្ចាស់សិទ្ធិលើការបញ្ចាំ មានសិទ្ធិឃាត់ទុកវត្ថុតាមរយៈការកាន់កាប់វត្ថុបញ្ចាំ ហើយកូនបំណុលត្រូវបានបង្ខំតាមផ្លូវចិត្តឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីទទួលបាននូវវត្ថុបញ្ចាំមកវិញតាមរយៈអានុភាពនៃកិច្ចសន្យា។
  • ភាពមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀតពីវត្ថុបញ្ចាំ និងសិទ្ធិទទួលសំណង ពីផលដោយមានអាទិភាព ៖ ម្ចាស់សិទ្ធិលើការបញ្ចាំ អាចទទួលផលដែលកើតចេញពីវត្ថុបញ្ចាំ និងអាចយកផលនោះមកកាត់សិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀតបាន។ ផលដែលបានមកនោះ ត្រូវយកមកកាត់ការប្រាក់នៃសិទ្ធិលើបំណុលជាមុនសិន ហើយបើមានសំណល់ត្រូវយកទៅកាត់ប្រាក់ដើម។
  • ករណីកិច្ចរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ៖ ម្ចាស់សិទ្ធិលើការបញ្ចាំ ត្រូវកាន់កាប់វត្ថុបញ្ចាំនោះដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត។ ប្រសិនបើម្ចាស់សិទ្ធិលើការបញ្ចាំមិនគោរពតាមកាតព្វកិច្ចនេះទេ កូនបំណុលអាចទាមទារឱ្យរំលត់សិទ្ធិលើការបញ្ចាំនោះបាន។ មានន័យថា កូនបំណុល អាចទាមទារឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ ប្រគល់វត្ថុបញ្ចាំមកវិញបាន ក្នុងករណីមានការបំពានករណីកិច្ច។
  • សិទ្ធិទាមទារឱ្យសងសោហ៊ុយរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ៖ ករណីមានការចំណាយជាចាំបាច់សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុចំពោះវត្ថុបញ្ចាំដោយម្ចាស់សិទ្ធិលើការបញ្ចាំ ខ្លួនអាចទាមទារឱ្យកម្មសិទ្ធិករនៃវត្ថុសងនូវការចំណាយនោះវិញបាន។ ប្រសិនបើការចំណាយនោះ បង្កើនតម្លៃនៃវត្ថុបញ្ចាំ ម្ចាស់សិទ្ធិលើការបញ្ចាំ អាចទាមទារឱ្យកម្មសិទ្ធិករនៃវត្ថុបញ្ចាំនោះ សងនូវចំណាយទាំងអស់ដែលខ្លួនបានចេញ ឬ សងនូវតម្លៃប្រាក់ដែលកើននោះវិញ តាមជម្រើសរបស់ខ្លួនបាន ឬ តាមការសម្រេចដោយតុលាការ (មាត្រា ៨២៤ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើការបញ្ចាំ ឬ សិទ្ធិលើបំណុល

ការប្រើសិទ្ធិលើការបញ្ចាំ មិនរារាំងដំណើរការនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលឡើយ។ ការប្រើសិទ្ធិលើការបញ្ចាំនេះ អាចន័យខុសគ្នាពីការអនុវត្តសិទ្ធិលើបំណុល ដោយសារការប្រើសិទ្ធិលើការបញ្ចាំមិនរារាំងដំណើរនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិបំណុល ម្ចាស់សិទ្ធិលើការបញ្ចាំត្រូវចាត់វិធានការផ្សេងទៀត ដើម្បីផ្អាកអាជ្ញាយុកាល៕


ដោយ ៖ នីតិកោសល