ពាក្យថា អស្សាមិករណ៍ អនុលោមតាមច្បាប់ស្តីពី អស្សមិករណ៍ គឺសំដៅការអនុវត្តនូវសិទ្ធិអំណាចរបស់រដ្ឋ ក្នុងការដកហូតកម្មសិទ្ធិឯកជន ដើម្បីបម្រើជាប្រយោជន៍សាធារណៈ។

អស្សាមិករណ៍ មានន័យស្មើនឹងពាក្យថា expropriation ឬ ប្រើពាក្យថា Taking (ការដកហូត) ដោយសារតែពាក្យទាំងពីរនេះ ជាពាក្យដែលបានប្រើនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងច្បាប់ស្តីពី អស្សាមិករណ៍។ ជាមួយគ្នានោះដែរ នៅប្រទេសមួយចំនួន គេប្រើប្រាស់ពាក្យថា ៖
– Eminent domain ឬ
– Condemnation ឬ
– Compulsory acquisition “ការធ្វើលទ្ធកម្មដោយបង្ខំ”, ឬ
– Involuntary acquisition “ការធ្វើលទ្ធកម្មដោយគ្មានការស្ម័គ្រចិត្ត”, និង
– Involuntary taking “ការធ្វើដកហូតដោយគ្មានការស្ម័គ្រចិត្ត” …។
ចំពោះពាក្យថា Eminent domain ដោយយោងតាមវចនានុក្រមច្បាប់ Black’s Law Dictionary មានសទ្ទិសន័យនៃពាក្យ ការធ្វើអស្សាមិករណ៍ (expropriation) មានន័យថា ៖ សិទ្ធិអំណាច ដែលច្បាប់ផ្តល់ឱ្យស្ថាប័នរដ្ឋ ក្នុងការដកហូតទ្រព្យសម្បត្តិឯកជន ជាពិសេសដី ហើយផ្ទេរទ្រព្យនោះទុកឱ្យមានការប្រើប្រាស់ជាសាធារណៈ ដោយមានការផ្តល់សំណងសមរម្យសម្រាប់ការដកហូតនោះ។ ដោយពាក្យនេះ ត្រូវបង្កើតឡើងដោយអនុលោមបុព្វហេតុនៃទស្សនៈទាននៃករណីកិច្ចសីលធម៌ក្នុងការសងសំណងសម្រាប់ការបំពានរបស់រដ្ឋលើទ្រព្យសម្បត្តិឯកជន។

ទាក់ទងនឹងនិយមន័យខាងលើនេះ ការធ្វើអស្សាមិរណ៍ ត្រូវបានកំណត់ធាតុសំខាន់ៗ ចំនួន ២ គឺ ៖
១-ការដកហូតទ្រព្យសម្បត្តិឯកជន ត្រូវធ្វើឡើងជាចាំបាច់ក្នុងការយកទៅបម្រើផលប្រយោជន៍សាធារណៈ
២-ការដកហូតនេះ រដ្ឋ ត្រូវតែផ្តល់សំណងសមរម្យចំពោះការដកហូតនេះ។
———
សម្រាប់ប្រិយមិត្តផ្ទាល់ តើប្រិយមិត្ត យល់បែបណាចំពោះទិដ្ឋភាពការធ្វើអស្សាមិករណ៍នៅកម្ពុជា ? (ផ្តោតលើទិដ្ឋភាពផ្លូវច្បាប់ជាសំខាន់)
ដោយ ៖ នីតិកោសល / Niteakosal