ការប្រមាថដល់អាជ្ញាធររបស់រដ្ឋ
អនុលោមតាមមាត្រា ៥០២ កថា. ២ នៃក្រមព្រហ្មទណ្ឌកម្ពុជា អំពើប្រមាថចំពោះអ្នករាជការសាធារណៈ ឬ ចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។

ការប្រមាថនេះ អាចកើតចេញពីតាមរយៈ ៖
-វាចា
-កាយវិការ
-សំណេរ
-គំនូរ
-វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល (ជនរងការប្រមាថ)។
ដោយឡែកពាក្យថា អ្នករាជការសាធារណៈ (Public Official) សំដៅដល់មន្ត្រីរាជការបម្រើការក្នុងស្ថាប័នរដ្ឋ (ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ) ឬ បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬ សហគ្រាសសាធារណៈ។ ចំណែកពាក្យថា ពលរដ្ឋទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត (Holder of public office) សំដៅដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។
សូមអានមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
ដោយ ៖ នីតិកោសល