យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋសភាកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ម្សិលមិញនេះ។
ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់នេះ ដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និង វិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕
ប្រភព ៖ http://national-assembly.org.kh/article/5193



